ស្វែងរកអត្ថបទចាស់ៗខាងក្រោម (វាយ Font: Khmer Unicode)

ហូបចេកណាំវ៉ាដើម្បីបានសុខភាពល្អ


ចេកណាំវ៉ា ផ្តល់វីតាមីន A ខ្ពស់ជាងគេ បំផុតក្នុងចំណោម ចេកទាំងអស់ ។ មិនតែប៉ុណ្ណោះវាថែមទាំងមានវីតាមីន B1 វីតាមីន B2 វីតាមីន C និង វីតាមីន B6 ក្នុងបរិមាណ ប្រហាក់ប្រហែលគ្នា ។ ជាងនេះទៅទៀតចេកណាំវ៉ាក៏មានគុណប្រយោជន៍ ខាងសារធាតុអាហារពិសេសជាង ចេកប្រភេទផ្សេង ពីព្រោះវាមានប្រូតេអ៊ីន មានអាស៊ីដអាមីណូអារ៍ជិនីន និង ហ្វីស្ទីឌីន ដែលមានភាពចាំបាច់ ចំពោះការលូតលាស់ របស់ទារក ។ ក្រៅពីនេះចេកណាំវ៉ា ក៏មានប្រសិទ្ធភាពខាងផ្នែកឱសថទៀតផង ដូចជា ៖

១- ជួយសម្រាល អាការឈឺ-ក : ឬអាការ ឈឺដើមទ្រូង ដោយសារក្អក ដោយទទួលទាន មួយថ្ងៃ ៥-៦ ផ្លែ ។

 ២- កាត់បន្ថយក្លិនមាត់ នៅពេលព្រឹក : ចេកណាំវ៉ាជួយ កាត់បន្ថយក្លិនមាត់ បានល្អ ។ យើងអាចធ្វើបានដោយ ទទួលទានចេកណាំវ៉ា ក្រោយពីភ្ញាក់ ពីដំណេកភ្លាម សឹមទៅដុសធ្មេញ នោះវាអាច ជួយបន្ថយក្លិនមាត់ ។

៣- ធ្វើជាថ្នាំបំបាត់ ទល់លាមក : ឬប្រព័ន្ធបញ្ចេញ កាកសំណល់ ដំណើរការមិនធម្មតា ។ សារធាតុផេកទីន (Pectin) ដែលមានក្នុង ចេកណាំវ៉ា នឹងធ្វើជាភ្នាក់ងារបង្កើត ជាតិសរសៃអាហារ ឱ្យទៅពោះវៀន បង្កើតប្រតិកម្ម រហូត​ទាល់តែធ្វើឱ្យ មាន អារម្មណ៍ចង់បត់ជើងធំ ។ ដូច្នេះវិធីបំបាត់ អាការទល់លាមក គឺត្រូវទទួលទាន ចេកណាំវ៉ាទុំ ១-២ ផ្លែមុនចូលដំណេក រួចផឹកទឹកឱ្យច្រើនៗ នោះវានឹងអាចជួយ ឱ្យបត់ជើងស្រួល នៅព្រឹកស្អែកឡើង ។

៤- បំបាត់រាករូស : ចេកណាំវ៉ា មានសារធាតុថេននីន យ៉ាងច្រើន ទើបវាអាចជួយព្យាបាល អាការរាករូស ប្រភេទមិនខ្លាំង ដោយប្រើចេកណាំវ៉ាខ្ចី ឬស្រគាល យកមកបកសម្បកចេញ ហាន់ជាចំណិតស្តើងៗ ចាក់ទឹកចូលឱ្យល្មមលិច រួចដាក់ ដាំដោយ ប្រើភ្លើងល្មមៗ ប្រមាណជាកន្លះម៉ោង ផឹកមួយដងពី កន្លះទៅមួយពែង ដោយផឹករៀងរាល់លើក ពេលដែលបត់ជើង ។

៥- ព្យាបាលរោគក្រពះ : យកចេកណាំវ៉ាមក បកសម្បករួច យកមកហាន់ជាចំណិតស្តើងៗ ដាក់ហាលថ្ងៃពីរថ្ងៃឱ្យស្ងួត បន្ទាប់មកយកមក កិនឱ្យម៉ដ្ឋ ប្រើទទួលទាន​​ មួយដង ១-២ ស្លាបព្រាបាយ ដោយជ្រលក់ទឹកអង្ករ ឬទឹកឃ្មុំទទួលទាន មុនអាហារ កន្លះម៉ោង ឬមុនចូលដេក រៀងរាល់ថ្ងៃ ។

៦- សម្បកចេកណាំវ៉ា ជួយសម្រាល អាការរមាស់ : ដោយសារសត្វល្អិត ទិចខាំ និង ស្នាមកន្ទួលក្រហម ដោយសារអាការរមាស់ ។ មិនតែប៉ុណ្ណោះ សាច់ និង សម្បកចេកណាំវ៉ា ក៏មានឥទ្ធិពល ក្នុងការទប់ស្កាត់រោគផ្សិត និង បាក់តេរី ដែលធ្វើឱ្យកើត ខ្ទុះ​​ បានទៀតផង ៕



ដោយភ្នំពេញដេលីញូវ