ស្វែងរកអត្ថបទចាស់ៗខាងក្រោម (វាយ Font: Khmer Unicode)

អាន​អត្ថបទ​នេះ​រួច អ្នកនឹង​លែង​បន្ទោស​ថា​ការ​ញ៉ាំ​ស្រា​បៀរ​គឺ​ឥតប្រយោជន៍​ទៀតហើយ

​នេះ​ជា​ដំណឹង​ល្អ​មួយ​សម្រាប់​អ្នក​ដែល​ចូលចិត្ត​ញ៉ាំ​ស្រា​បៀ​រ​។ អ្នកវិទ្យាសាស្ត្រ​ជាច្រើន​បាន​ធ្វើ​សេចក្តីសម្រេច​ចុងក្រោយ​ថា ភេសជ្ជៈ​បែប​ស្រា​បៀរ​គឺ​ពិតជា​មាន​ផល​ល្អ​សម្រាប់​សុខភាព​មនុស្ស​មែន ដូច្នេះ​អ្នក​អាច​ញ៉ាំ​វា​ក្នុង​កម្រិត​មួយ​សមល្មម​។ ខាងក្រោម​នេះ​គឺជា​អត្ថប្រយោជន៍​មិន​គួរ​ឲ្យ​ជឿនៃ​ការ​ទទួលទាន​ស្រា​បៀរ​ក្នុង​កម្រិត​មួយ​មធ្យម​។

បង្កើន​កំហាប់​ឆ្អឹង​
ការសិក្សា​ជា​ច្រើន​បានបង្ហាញ​ថា ស្រា​បៀរ​មាន​សា​ធាតុ Silicon ដែល​អាច​ជួយ​ភ្ជាប់​សាច់ដុំ និង​ជាលិកា​ឆ្អឹង​ជាមួយគ្នា និង​បង្កើន​កំហាប់​ឆ្អឹង​បាន​។ ពពួក​ស្រា​បៀរ​បែប​ពណ៌​ខ្មៅ​ពិសេស​វិញ គឺ​មាន​សារធាតុ​មួយ​នេះ​ខ្ពស់ ដូច្នេះ​ការ​ទទួលទាន​ត្រឹម​កម្រិត​មធ្យម​គឺ​អាច​ជួយ​បង្ការ​ជំងឺ​ពុក​ឆ្អឹង​បាន​។

បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​គាំងបេះដូង​
យោង​ទៅ​តាម​សាកលវិទ្យាល័យ Harvard ដែល​មាន​ការសិក្សា​ច្រើនជាង ១០០ បាន​រកឃើញថា ការ​ញ៉ាំ​ស្រា​បៀរ​អាច​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​គាំងបេះដូង​រហូតដល់ ៤០​ភាគរយ​។ ដូច្នេះ​បើ​សិន​ជា​អ្នក​ចង់​បាន​បេះដូង​សុខភាព​ល្អ អ្នក​អាច​ញ៉ាំ​ស្រា​បៀរ​ត្រជាក់ៗ​សម្រាប់​អាហារ​ពេលយប់​ខ្លះ​បាន​។

បន្ថយ​កម្រិត​កូ​ឡេ​ស្តេ​រ៉ុល​
អ្នកវិទ្យាសាស្ត្រ​បាន​រកឃើញថា ការ​ញ៉ាំ​ស្រា​បៀរ​នាំ​ឲ្យ​កើនឡើង​ដល់​ចំនួន​កូ​ឡេ​ស្តេ​រ៉ុល​ល្អ​ក្នុង​ឈាម​។ ត្រៀម​ស្រា​បៀរ​ពីរ​កំប៉ុង​ក្នុង​មួយ​ថ្ងៃ​អាច​ផ្តល់​ផល​វិជ្ជមាន​ដល់​កម្រិត​កូ​ឡេ​ស្តេ​រ៉ុលក្នុង​ខ្លួន​បាន​ហើយ​។

បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​ទឹកនោម​ផ្អែម​
តាម​ការសិក្សា​ជា​លក្ខណៈ​ប្រៀបធៀប​បានឲ្យដឹងថា ការ​ទទួលទាន​គ្រឿង​ស្រវឹង​ក្នុង​កម្រិត​មធ្យម​មាន​ទំនាក់ទំនង​ធ្វើឲ្យ​ថយចុះ​នូវ​ការ​ប្រឈម​នឹង​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី​២​។ អ្នកស្រាវជ្រាវ​ជនជាតិ​អាមេរិក​បាន​រកឃើញថា អ្នក​ដែល​ញ៉ាំ​ស្រា​បៀរ​ចាប់ពី ៣០០​មី​លី​លីត្រ​ចុះក្រោម​ក្នុង​មួយ​ថ្ងៃ អាច​បន្ថយ​ការ​ប្រឈម​នឹង​ការ​កើត​ជំងឺ​ទឹកនោម​ផ្អែម​បាន​ហើយ​។

បង្ការ​ជំងឺ​គ្រួស​ក្នុង​តម្រង​នោម​
គ្មាន​នរណា​ចង់ឲ្យ​មាន​គ្រួស​កើតឡើង​ក្នុង​តម្រងនោម​របស់ខ្លួន​ឡើយ​។ សំណាង​ដែរ ការសិក្សា​បាន​រកឃើញថា អ្នក​ដែល​ញ៉ាំ​ស្រា​បៀរ​មួយ​ដប់​ក្នុង​មួយ​ថ្ងៃ​ឃើញថា វា​អាច​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​គ្រួស​ក្នុង​តម្រងនោម​រហូតដល់ ៤០​ភាគរយ​ឯណោះ​។

ការពារ​ជំងឺ​ភ្លេច​ភ្លាំង​
ពិតណាស់ រឿង​នេះ​ស្តាប់ទៅ​ដូចជា​ចម្លែក​មែន ដែល​គេ​យក​គ្រឿង​ស្រវឹង​ទៅ​ទប់ស្កាត់​ជំងឺ​ភ្លេចភ្លាំង​ទៅវិញ​។ មនុស្ស​គ្រប់គ្នា​អាច​នឹង​ឆ្ងល់ និង​ស្រឡាំងកាំង​នៅ​ពេល​ដឹង​រឿងនេះ​។ ប៉ុន្តែ​សារធាតុ Xanthohumol ដែល​មាន​ក្នុង​ស្រា​បៀរ​អាចជួយ​បង្ការ​សម្ពាធ​អុកស៊ីត​កម្ម ដែល​វា​ជា​កត្តា​មួយ​ជំរុញ​ឲ្យមាន​ជំងឺ​ភ្លេចភ្លាំង​នៅពេល​ចាស់ជរា​។ ដូច្នេះហើយ ការ​ញ៉ាំ​ស្រា​បៀរ​ក្នុង​កម្រិត​មធ្យម​ពិតជា​អាច​ជួយ​បន្ថយ​ឥទ្ធិពល​នៃ​ការ​ចាស់​របស់​ខួរក្បាល​បាន​៕

ប្រភព៖ Health