ម្រះជាបន្លែម្យ៉ាងមានដើមវល្លិ៍ឡើងទ្រើងមានស្លឹកឆែកៗផ្លែមានពករម៉ិងរម៉ង់
ស្លឹក ត្រួយ និងផ្លែមានរសជាតិល្វីង ប្រើការជាបន្លែ
ឬផ្លែប្រើជាអន្លក់ក៏បាន ។ ម្រះមានឈ្មោះផ្សេងៗមានម្រះទេស
ម្រះភ្លុកជាដើម ។ ផ្លែម្រះខ្លីចាស់មានពណ៌បៃតង
នៅពេលស្រគាលមានពណ៌លឿងលាយក្រហម ។

ចំពោះអ្នកដែលមិនចូលចិត្តរសជាតិល្វីងរបស់វា
គេមានវិធីកាត់បន្ថយភាពល្វីងតាមរយៈការដាំទឹកឱ្យពុះ
បង់អំបិលប្រហែល១ស្លាបព្រា ឬមួយក្តាប់
បន្ទាប់មកដាក់ម្រះចូលស្រុសមួយសន្ទុះរួចស្រង់ចេញវិញ
ពេលនោះរសជាតិល្វីងរបស់វានឹងថយចុះ និងរក្សាពណ៌បៃតងស្រស់នៅដដែល ។
ក្រៅពីធ្វើបន្លែ
ផ្លែម្រះគេអាចយកវាញាត់សាច់ជ្រូកចិញ្ច្រាំរួចដាក់ស្ងោរ
ឬឆាជាមួយសាច់ជ្រូកលាយស៊ុតទទួលទានមានរសជាតិឆ្ងាញ់ពិសា។
គួរបញ្ជាក់ថា
នៅក្នុងម្រះមានសារធាតុល្វីងសម្រាប់ជួយរំលាយអាហារ
និងជួយឱ្យមានការទទួលទានអាហារបានកាន់តែច្រើន ។ លើសពីនេះ
ក៏នៅមានគុណប្រយោជន៍ដល់ប្រព័ន្ធការពារមេរោគនៅក្នុងរាងកាយផងដែរ ៕
By:
kohsantepheapdaily