ដោយ
៖ អប្សរា
ថ្ងៃពុធ
ទី២៤ ខែសីហា ឆ្នាំ២០១១ ម៉ោង ០៧:២៨
សុខភាពល្អគឺជាវត្ថុបំណងយ៉ាងសំខាន់បំផុតសម្រាប់មនុស្សគ្រប់គ្នា។
មានសុខភាពល្អនឹងនាំឲ្យមានអាយុយឺនយូរ។
ការសិក្សាថ្មីមួយដែលធ្វើឡើងដោយមជ្ឈមណ្ឌលត្រួតពិនិត្យនិងទប់ស្កាត់ជំងឺរបស់សហរដ្ឋអាមេរិកហៅកាត់
CDC បានរកឃើញវិធីសាស្ត្រ៤យ៉ាងដែលនាំឲ្យសុខភាពល្អប្រសើរ
។
ការសិក្សាដែលបានចុះផ្សាយនៅក្នុងព្រឹត្តិប័ត្រ
American Journal of
Public Health ធ្វើពិសោធន៍លើមនុស្សប្រមាណ១៦.៩៥៨នាក់មានអាយុចាប់ពី១៧ឆ្នាំឡើងទៅ។
ភាគច្រើននៃពួកគេរស់នៅក្នុងសហរដ្ឋអាមេរិក។ វិធី៤យ៉ាងដែលCDCរកឃើញមានដូចជា ៖
១-ចៀសវាងការជក់បារី
៖ ប្រសិនជាអ្នកមិនទាន់បានជក់ទេ សូមកុំជក់ ប្រសិនជាជក់ហើយ
សូមបញ្ឈប់វាពីពេលនេះតទៅ។
២-កម្រិតបរិមាណគ្រឿងស្រវឹងដែលផឹករាល់ថ្ងៃ
៖ បុរសមិនគួរណាផឹកគ្រឿងស្រវឹងច្រើនជាង២កែវក្នុងមួយថ្ងៃទេ។
ចំណែកស្ត្រីវិញមិនឲ្យច្រើនជាង១កែវទេ។
៣-កែលំអរបបអាហារដែលអ្នកទទួលបានប្រចាំថ្ងៃ
៖ គួរតែបរិភោគបន្លែ ផ្លែឈើ និងគ្រាប់ធញ្ញជាតិឱ្យបានច្រើន។
ចំពោះអាហារសមុទ្រវិញ គួរជ្រើសរើសយកប្រភេទដែលមានខ្លាញ់តិចតួច
ឬក៏គ្មានសោះ។ កាត់បន្ថយការទទួលអាហារណាដែលមានសូដ្យូមច្រើន
ឬប្រៃខ្លាំងពេក ។
៤-ធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់
៖ គួរតែហាត់ប្រាណឱ្យបានយ៉ាងតិច៥ថ្ងៃក្នុង១សប្តាហ៍ ឬក៏យ៉ាងហោចណាស់
ធ្វើការហាត់ប្រាណប្រភេទមធ្យម (ដើរញាប់...) សរុប១៥០នាទី។
សម្រាប់អ្នកដែលបានចូលរួមពិសោធន៍វិធីសាស្ត្រទាំង៤នេះគឺ
៦៦% មិនប្រឈមនឹងការស្លាប់ដោយជំងឺមហារីក ៦៥%
មិនប្រឈមនឹងការស្លាប់ដោយជំងឺបេះដូង និង៥៧%
មិនប្រឈមនឹងការស្លាប់ដោយជំងឺផ្សេងៗ ៕