ជនជាតិអាស៊ីដែលទទួលទានបាយជាអាហារចម្បង
ប្រហែលជាមិនសប្បាយចិត្តនោះទេ នៅពេលឃើញពីលទ្ធផលនៃការស្រាវជ្រាវថ្មីនេះ។
ការស្រាវជ្រាវរបស់អាមេរិកមួយនេះ បានបង្ហាញថា ការញ៉ាំបាយ (ស)
អាចបង្កើនហានីភ័យនៃការវិវឌ្ឍទៅរកជំងឺទឹកនោមផ្អែមប្រភេទពីរ។

យោងតាមការលទ្ធផលនៃការស្រាវជ្រាវដែលធ្វើឡើងចំពោះមនុស្ស
៣៥ម៉ឺននាក់នេះ បានឲ្យដឹងថា ការញ៉ាំបាយកាន់តែច្រើន
នោះឱកាសនៃការវិវឌ្ឍទៅរកជំងឺនេះកាន់តែខ្ពស់ផងដែរ។
ដើម្បីចេញជាលទ្ធផលនេះ
ក្រុមអ្នកស្រាវជ្រាវអាមេរិក
បានធ្វើការវិភាគទៅលើការសិក្សាកន្លងមកចំនួនបួនដែលធ្វើឡើងនៅ ចិន
ជប៉ុន អូស្រ្ដាលី និងអាមេរិក។
ដូចដែលប្រិយមិត្តបានដឹងរួចមកហើយថា
ជនជាតិអាស៊ី ដែលរួមមានកម្ពុជាយើងផងដែរនោះ
គឺជាអ្នកញ៉ាំបាយជាអាហារចម្បង ពោលគឺជាធម្មតា ៣ទៅ៤ដងក្នុងមួយថ្ងៃ
ខណៈដែលជនជាតិអឺរ៉ុប ញ៉ាំបាយតែប្រហែល ម្ដង ឬ២ដងក្នុងមួយសប្ដាហ៍ប៉ុណ្ណោះ។
ដូច្នេះប្រជាជនអាស៊ី គឺជាអ្នកប្រឈមខ្លាំង
ប្រសិនបើយើងមើលលើលទ្ធផលនៃការស្រាវជ្រាវនេះ។
យ៉ាងណាមិញ
លោកវេជ្ជបណ្ឌិត Qi Sun មកពី Harvard School of Public Health បានថ្លែងថា
ការញ៉ាំបាយពិតជាបង្កើនហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទពីរមែន
ប៉ុន្ដែគ្រាន់តែមួយចំណែកតូចប៉ុណ្ណោះ។
មូលហេតុដែលបង្កជាបែបនេះ
គឺដោយសារតែក្រោយពីញ៉ាំបាយ
ជាតិស្ករគ្លុយកូសបានចូលយ៉ាងលឿនទៅក្នុងសរសៃឈាម
ដែលធ្វើឲ្យកម្រិតជាតិស្ករក្នុងឈាមកើនឡើងខ្ពស់។ ប៉ុន្ដែក្នុងនោះដែរ
បាយក៏ផ្ទុកនូវសារធាតុការពារទឹកនោមផ្អែមបន្តិចបន្តួចផងដែរ ដូចជា
ហ្វៃប៊ើ និងម៉ាញ៉េស្យូមជាដើម។
By: Khmersarika