ផលវិបាកនៃការអង្គុយយូរ
ត្រូវបានរកឃើញបន្ថែមទៀតហើយនាពេលនេះ។ នៅក្នុងការសិក្សាថ្មីនេះ
បានបង្ហាញថា ការអង្គុយចាប់ពី ១១ម៉ោងឡើងទៅក្នុងមួយថ្ងៃ
នឹងបង្កើនឱកាសនៃការស្លាប់មុនអាយុចំនួន ៣ឆ្នាំ
ទោះបីជាអ្នកហាត់ប្រាណឬអត់ក៏ដោយ។
ការសិក្សាស្រាវជ្រាវដែលធ្វើឡើងដោយសាកលវិទ្យាល័យ
Sydney នេះ
បានរកឃើញថា ការអង្គុយយូរ នឹងបង្កើនហានីភ័យនៃការស្លាប់មុនអាយុនេះ
ចំនួន ៤០ភាគរយ។
លោកវេជ្ជបណ្ឌិត
Hidde Van der Ploeg ដែលជាអ្នកដឹកនាំការស្រាវជ្រាវនេះ បានថ្លែងថា
លទ្ធផលនេះគឺពិតជាសំខាន់សម្រាប់អ្នកដែលអង្គុយធ្វើការយូរៗ។
លោកវេជ្ជបណ្ឌិតរូបនេះ
បានផ្ដល់អនុសាស្រ្ដថា អ្នកដែលអង្គុយធ្វើការ អង្គុយក្នុងរថយន្តយូរញឹកញាប់
ឬអង្គុយច្រើននៅផ្ទះ គួរតែចំណាយពេលដើរ ឬក៏ឈរឲ្យបានច្រើនជាងធម្មតា។
លទ្ធផលនេះក៏បានបង្ហាញផងដែរថា
ការហាត់ប្រាណនៅតែសំខាន់ ដោយសារតែអ្នកអត់ហាត់ប្រាណ
ត្រូវប្រឈមនឹងហានីភ័យទ្វេដង។
តាមរយៈលទ្ធផលដែលបង្ហាញស្រដៀងៗគ្នាជាច្រើនមកហើយនោះ
អាចឲ្យយើងសន្និដ្ឋានបានថា
ការអង្គុយយូរគឺពិតជាមិនល្អនោះទេចំពោះសុខភាពរបស់យើង
ដូច្នេះអ្វីដែលយើងត្រូវធ្វើ គឺឆ្លៀតពេលងើបឈរ ឬដើរខ្លះ
ទោះបីរវល់នៅក្នុងការិយាល័យក៏ដោយ ហើយអ្វីដែលសំខាន់
គឺកុំចំណាយពេលអង្គុយយូរពេកក្នុងការមើលទូរទស្សន៍
ឬអង្គុយឆែកអ៊ីនធើណិតនៅផ្ទះ ដោយត្រូវបញ្ចេញសកម្មភាពផ្នែករាងកាយខ្លះ
ដើម្បីសុខភាពរបស់យើងទាំងអស់គ្នា។
By: khmersarika