តើអ្នកមានបំណងចង់ញ៉ាំកាហ្វេដើម្បីជួយបង្កើនថាមពលក្នុងខ្លួន និងបំបាត់ការនឿយហត់ដែរទេ?
យ៉ាងណាមិញ ភេសជ្ជៈមួយនេះក៏មានផលរំខានរបស់វាចំពោះសុខភាពដែរ។ បើសិនជាអ្នកអ្នកអាចកាត់បន្ថយជាតិកាហ្វេអ៊ីនមកត្រឹមតែ ១ទៅ២ពែងក្នុងមួយថ្ងៃ ឬ៤០០មីលីក្រាមក្នុងមួយថ្ងៃ នោះវានឹងមិនប៉ះពាល់អ្វីដល់សុខភាពឡើយ។ ការញ៉ាំកាហ្វេច្រើនពេកអាចបណ្តាលឲ្យគេងមិនលក់ ថប់អារម្មណ៍ ចង្អោ និងនោមញឹកជាដើម។ ដូច្នេះបើសិនជាអ្នកស្ថិតក្នុងលក្ខខណ្ឌដូចខាងក្រោមនេះមែន អ្នកត្រូវតែដល់ពេលលះបង់ជាតិកាហ្វេអ៊ីនចាប់ពីពេលនេះទៅហើយ៖
ប៉ះពាល់ដល់ការមានផ្ទៃពោះ
បើសិនជាអ្នកកំពុងតែរៀបគម្រោងយកកូន ចូរតមការញ៉ាំជាតិកាហ្វេអ៊ីន ព្រោះវាអាចរំខានដល់ដំណើរការណ៍នៃការមានផ្ទៃពោះបាន។ កម្រិតជាតិកាហ្វេអ៊ីនសម្រាប់ស្ត្រីមានផ្ទៃពោះគួរតែកុំឲ្យលើស ១៥០មីលីក្រាមក្នុងមួយថ្ងៃ។ ការញ៉ាំជាតិកាហ្វេអ៊ីន វានឹងធ្វើឲ្យសរសៃឈាមរួមតូច រំខានដល់លំហូរឈាមទៅចិញ្ចឹមកូន ហើយវាក៏ជារឿងដែលត្រូវចៀសវាងក្នុងពេលមានផ្ទៃពោះដែរ។
ប៉ះពាល់ដល់ចំនួនមេជីវិតឈ្មោល
បើយោងទៅតាមការសិក្សាមួយដែលចុះផ្សាយក្នុងសារព័ត៌មាន American Journal of Epidemiology បានឲ្យដឹងថា ការញ៉ាំជាតិកាហ្វេអ៊ីនច្រើនពេកអាចនាំឲ្យថយចុះចំនួនមេជីវិតឈ្មោល ព្រមទាំងកាត់បន្ថយកំហាប់មេជីវិតឈ្មោលថែមទៀតផង។
បន្ថយឥទ្ធិពលនៃការរំលាយអាហារ
ការញ៉ាំកាហ្វេ ឬភេសជ្ជៈមានជាតិកាហ្វេអ៊ីនច្រើនពេក អាចបណ្តាលឲ្យហើមបាន ដូច្នេះវានឹងប៉ះពាល់ដល់គោលបំណងនៃការសម្រកទម្ងន់បាន។ ការញ៉ាំភេសជ្ជៈទាំងនេះក្នុងពេលញ៉ាំអាហារ អាចរំខានដល់ទម្លាប់នៃការញ៉ាំអាហារទៀងទាត់បាន ហើយក៏បង្កឥទ្ធិពលអវិជ្ជមានដល់ការរំលាយអាហារអ្នកដែរ។
ប៉ះពាល់ដល់សុខភាពបេះដូង
ការសិក្សាមួយដែលចុះផ្សាយក្នុងសារព័ត៌មាន Addiction Medicine បានឲ្យដឹងថា ការញ៉ាំភេសជ្ជៈមានជាតិកាហ្វេអ៊ីនច្រើនពេកដូចជា ភេសជ្ជៈប៉ូវកម្លាំង ភេសជ្ជៈមានជាតិហ្គាស ឬកាហ្វេ អាចបណ្តាលឲ្យបេះដូងដើរខុសចង្វាក់ វាក៏ប្រហែលនាំឲ្យមានជំងឺបេះដូងលោតខុសចង្វាក់ Atrial Fibrillation ដែលនឹងបង្កជាផលវិបាកធ្ងន់ធ្ងរបើសិនជាមិនមានការព្យាបាលទាន់ពេលវេលា។
ប៉ះពាល់ដល់សុខភាពឆ្អឹង
ឥទ្ធិពលបញ្ចុះទឹកនោមរបស់ជាតិកាហ្វេអ៊ីននាំឲ្យបាត់បង់ជាតិកាលស្យូមចេញពីរៀងកាយបានតាមរយៈការនោមញឹកពេក។ ការញ៉ាំកាហ្វេលើសពីពីរពេងក្នុងមួយថ្ងៃ អាចធ្វើឲ្យកំហាប់ឆ្អឹងថយចុះ និងរំខានដល់ការបឺតស្រូបវីតាមីន D ក្នុងរាងកាយទៀត៕
ប្រភពៈ Health